សេចក្តីប្រកាសព័ត៌មានភ្លាមៗ ស្តីពី កំណើនគួរឱ្យកត់សម្គាល់នៃតម្លៃនាំចេញពី តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦​ជាមួយនឹងចក្ខុវិស័យ នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេ សម្រាប់ក្រុមហ៊ុនឧស្សាហកម្មក្នុងវិស័យនានា និងក្នុងការបង្កើតឱកាសការងារ ជាច្រើនដល់ប្រជាជនកម្ពុជា។

បន្ទាប់ពីរយៈពេល​១៩ឆ្នាំ យើងខ្ញុំមានមោទនភាពក្រៃលែង ដែលបានឃើញតំបន់នេះមានការអភិវឌ្ឍមកដល់បច្ចុប្បន្ន។ សព្វថ្ងៃនេះ តំបន់យើងខ្ញុំបានទទួលការវិនិយោគពីក្រុមហ៊ុនចំនួន១១៣ មកពី១៥​ប្រទេសជុំវិញសាកលលោក ដែលមានជំនាញ ក្នុងការផលិតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ជាពិសេសនៅក្នុងវិស័យឧបករណ៍អេឡិចត្រូនិច និងអគ្គិសនី​ ការដំឡើង រថយន្ត និងគ្រឿងបង្គុំរថយន្ត។ ក្រុមហ៊ុនឧស្សាហកម្មទាំងនេះបានបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជា​ចំនួន ៤៧,៨០០​ នាក់ និងអ្នកជំនាញបរទេសចំនួន ៧០០ នាក់ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

ការអភិវឌ្ឍដ៏អស្ចារ្យរបស់ RGPPSEZ ក៏ត្រូវបានបង្ហាញឱ្យឃើញតាមរយៈការសម្រេចបានក្នុងការនាំចេញផងដែរ។ ក្នុងរយៈពេល៥ឆ្នាំ ការនាំចេញបានកើនឡើងទ្វេដងពី ៣១៦លានដុល្លារក្នុងឆ្នាំ២០១៦ ដល់ ៦៨៣លានដុល្លារក្នុងឆ្នាំ២០២១។ កាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត ការនាំចេញបានកើនឡើងទ្វេដងម្តងទៀតក្នុងរយៈពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ដោយ ឈានដល់ ១,៦២១លានដុល្លារក្នុងឆ្នាំ២០២៣។ ហើយនៅឆ្នាំ​២០២៤កន្លងទៅនេះ យើងមានកំណត់ត្រាថ្មីមួយខ្ពស់បំផុត ដែលតម្លៃនាំចេញបានកើនឡើងដល់ ១,៨៨០លានដុល្លារ កើនឡើងចំនួន១៦% ធៀបនឹងឆ្នាំមុន។ យើងខ្ញុំមានមោទនភាព យ៉ាងក្រៃលែងក្នុងការរួមចំណែកប្រមាណ៧% ក្នុងតម្លៃនាំចេញសរុបរបស់ប្រទេសកម្ពុជាទាំងមូល ដែលមានតម្លៃសរុប ២៦,៦៦៤ លានដុល្លារ បើយោងទៅតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ដោយមានការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាតត្បាតនៃ ជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព អ្នកវិនិយោគទាំងអស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសយើងខ្ញុំ នៅតែអាចបន្តប្រតិបត្តិការ និងពង្រីកអាជីវកម្មរបស់ខ្លួនជាលំដាប់។ នាពេលបច្ចុប្បន្ន ទូទាំងប្រទេស យើងអាចសង្កេតឃើញថា វិស័យសំខាន់ៗទាំងឡាយ កំពុងមានការងើបឡើងវិញជាបន្តបន្ទាប់ ហើយយើងខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានទទួលស្វាគមន៍ក្រុមហ៊ុនថ្មីចំនួន ៥បន្ថែមទៀត មកកាន់តំបន់សេដ្ឋកិច្ចពិសេសយើងខ្ញុំ ដែលបានរួមចំណែកពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសកម្ពុជា។

       ក្នុងនាមជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សមិទ្ធិផលទាំងអស់នេះ ជាកម្លាំងចលករជំរុញឱ្យ យើងខ្ញុំបន្តខិតខំប្រឹងប្រែងផ្តល់នូវទីតាំងវិនិយោគមួយដ៏ល្អសម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិ។ យើងខ្ញុំប្តេជ្ញាចិត្តក្នុងការ បង្កើនឱកាសអាជីវកម្ម រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ និងជំរុញដំណើរឧស្សាហូបនីយកកម្មរបស់ប្រទេសកម្ពុជា។

អំពី រ៉ូយ៉ាល់ គ្រុប

រ៉ូយ៉ាល់ គ្រុប គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុន អាជីវកម្មដែលមានថាមពល និងចម្រុះបំផុតរបស់ប្រទេស។ ជាមួយនឹងចំណាប់អារម្មណ៍នៅក្នុងឧស្សាហកម្មជាច្រើនរួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរនាំចេញនាំចូល និងតំបន់សេដ្ឋកិច្ចពិសេស។

Copyright © 2025 RGPPSEZ. All Rights Reserved.